HOT

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ។

នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេស លើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម ។ ពាក់ព័ន្ធទៅនឹងបេសកកម្មការទូតរបស់ឯកឧត្តម សម្ដេចតេជោបានស្នើឲ្យឯកឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ សម្ដេចតេជោ បានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‍‍‍‍‍‍‍‍១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។ សម្ដេចតេជោ ក៏បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ ៕ ដោយ៖ វាយោ