HOT

នគរបាលប៉ុស្តិ៍ត្រពាំងធំចុះបង្ក្រាបទីតាំងលេងអាប៉ោង និងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់

សៀមរាប៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ដែលលួចបើកល្បែងស៊ីសងដោយខុសច្បាប់(អាប៉ោង)។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅ វេលាម៉ោង ២១និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២១នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំនៃស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៉ក់ ប៉ាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគ ខេត្តសៀមរាប ពាក់ព័ន្ធករណី (លេងល្បែងស៊ីសងខុសច្បាប់) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១.៣០នាទី នៅចំណុចទោលខាងក្រោយផ្ទះរបស់ឈ្មោះតេង ភេទប្រុស ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំងាយប្រហែល៦០ម៉ែត្រ។លោកបន្តថា វត្ថុតាងដែលដកហូតរួមមាន៖មេអាប៉ោងចំនួន១គ្រាប់,កំរាលសំរាប់ចាក់លុយចំនួន១,គំរ៉ប១,ចានបាញ់មេចំនួន១និងចានទ្រចំនួន១។លោកបញ្ជាក់ថា តាមចម្លើយរបស់ឈ្មោះប៉ក់ ប៉ាន់ បានឆ្លើយសារភាពថាខ្លួនពិតជាបានលេងស្បែងស៊ីសងខុសច្បាប់ពិតមែន(លេងអាប៉ោង) ហើយសម្ភារៈខាងលើគឺជារបស់គាត់ពិតមែន ហើយគាត់ជាអ្នកបាញ់មេផ្ទាល់។

នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ភក្តី