HOT

សមត្ថកិច្ចចាប់ខ្លួនកម្មកររបស់មន្ត្រីជលផល ម្នាក់ករណីបាញ់អ្នកឆក់ត្រីបណ្តាលឲ្យរបួសនៅស្រុកសូទ្រនិគម

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្រុកសូទ្រនិគម បានចាប់ខ្លួនបុរសជាកម្មកររបស់មន្ត្រីរដ្ឋាបាលសង្កាត់ជលផល កំពង់ឃ្លាំង ដែលបានចុះល្បាតរួចប្រទះឃើញមនុស្សមួយក្រុមកំពុងឆក់ត្រី ហើយក៏បានប្រតាយប្រតប់គ្នាជាមួយក្រុមជនរងគ្រោះ រួចបានផ្ទុះអាវុធ១គ្រាប់ចំជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។

   ហេតុការណ៍នេះបានាកើតឡើងនៅវេលាម៉ោង ០២និង៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចពាមឃ្លាំង មាត់ទន្លេ ក្នុងភូមិសាស្ត្រ ភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

    សមត្ថកិច្ចបានឲ្យដឹងថា មានករណីប្រើប្រាស់ អាវុធខុសច្បាប់ បង្កឡើងដោយជនសង្ស័យឈ្មោះទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ ជាកម្មករនៅជាមួយកម្លាំងជលផល សង្កាត់កំពង់ឃ្លាំង បានបាញ់ កាំភ្លើងធុនAKស្វាយ លេខ៣២២៤៣ ចំនួន០១គ្រាប់ ចំជនរងគ្រោះឈ្មោះភត់ ឈុនណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (របួសធ្ងន់) បច្ចុប្បន្ន បញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្ត។សមត្ថកិច្ចបន្តថា នៅយប់កើតហេតុ ម៉ោង០២.០០ ជនសង្ស័យមានគ្នា០៣នាក់ ចុះល្បាត និងចាប់អ្នកលួចឆក់ត្រី ដល់ចំណុចកើតហេតុ ជួបក្រុមជនរងគ្រោះ កំពង់ឆក់ត្រី ក៏ធ្វើការឃាត់ ហើយក្រុមជនរងគ្រោះ ក៏ប្រវាយប្រតប់ រត់គេច ជនសង្ស័យក៏ ទាញកាំភ្លើងបាញ់ឡើងលើ០១គ្រាប់ នៅលើទូកក្នុងទឹក ក៏រាលកាណុងកាំភ្លើងចំជនរងគ្រោះ តែម្ដង។

នាយផ្នែកជលផល កំពង់ឃ្លាំង លោក ស ម៉ាប់ បានឲ្យប្រាប់តាមទូរស័ព្ទថា នៅយប់ម៉ិញ ក្រុមការងាររបស់លោកបានចុះល្បាត ស្រាប់តែឃើញមានមនុស្សមួយក្រុមចូលមកលួចឆក់ត្រីនៅមុខស្នាក់ការជលផល តែម្តង ហើយកម្លាំងរបស់លោកបានណែនាំដែរតែពួកគេមិនស្តាប់ រួចក៏ផ្ទុះជម្លោះរហូតប្រតាយប្រតប់គ្នា ដោយកូនចៅរបស់លោកជិះទូកផងកាន់កាំភ្លើងផង ទើបឃ្លីងឃ្លោងរាលកៃផ្ទុះអាវុធ១គ្រាប់ចំបុរសម្នាក់។លោកបន្តថា ករណីនេះស្រេចលើសមត្ថកិច្ចជាអ្នកវិនិច្ឆ័យទេ។

  បច្ចុប្បន្នជនសង្ស័យ ជាកម្មកររបស់មន្ត្រីជលផល កំពង់ឃ្លាំង ត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ភក្តី