HOT

ថ្លើមធំពេកហើយ…សមត្ថកិច្ចបង្ក្រាបរថយន្តបិទគូទកាងបទល្មើសដឹកជញ្ជូនឈើនៅស្រុកស្វាយលើ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបប៉ុន្តែត្រូវបានរថយន្តបិទគូទរារាំងមិនឲ្យបង្ក្រាប នៅទីបំផុតកម្លាំងសមត្ថកិច្ចបង្ក្រាបបានតែរថយន្តបិទគូទ ឯរថយន្តដឹកឈើគេចខ្លួនបាត់។ ហេតុការចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តនៃស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសង្ស័យដឹកបទល្មើស គឺម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ-១៦៣១ ដោយមានការសង្ស័យក៏បានធ្វើឃាត់ដើម្បីសួរនាំ ប៉ុន្តែមិនព្រមឈប់ ដោយមានការសហការជាមួយកម្លាំងមេព្រៃ កំលាំងចារកិច្ចខេត្ត រួចក៏បានធ្វើការដេញប្រផាប់ចាប់ប្រភីងពីចំនុចខាងកើតផ្សារស្វាយលើ ឆ្ពោះចូលក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ០៦ តែដល់ចំណុចបុរីទេសចរណ៍ក្រុងសៀមរាប ក៏ត្រឡប់ក្រោយវិញ រហូតដល់ចំណុចផ្លូវលំដីក្រហមខ្លោងទ្វាវត្តដន្លោងក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក នីសសាន់ ណាវ៉ារ៉ា ពណ៌ស គ្មានផ្លាក់លេខបានមកបិទគូទរំខាន ទើបបណ្តាលអោយរថយន្តដែលកំពុងដឹកជញ្ជូនផលអនុផលព្រៃឈើនោះរត់គេចបាត់តែម្តង ។ចំណែករថយន្តដែលបានមករារាំងរំខាន ត្រូវបានកំលាំងចម្រុះដេញហៅដើម្បីសួរនាំតែមិនឈប់ ទើបកំលាំងចម្រុះបន្តដេញរហូតដល់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ទើបរថយន្តនោះបើកចូលក្នុងបរិវេណស្នាក់ការថ្នាលបណ្តុះកូនឈើ និងអប់រំផ្សព្វផ្សាយត្រពាំងស្វាយ ហើយអ្នកបើកបរក៏រត់គេចខ្លួនចូលព្រៃខាងក្រោយស្នាក់ការបាត់តែម្តង បន្សល់ទុកនូវរថយន្តមួយគ្រឿងម៉ាកណាវ៉ារ៉ា ពីរបាំង ពណ៌ស មិនបំពាក់ផ្លាកលេខ មានខ្លុបចោះកៅអី សំរាប់ដឹកឈើ និងរកឃើញផ្លាក់លេខចំនួន០២គូ (ភ្នំពេញ 2Q 7675 និងភំ្នពេញ2R0414) នៅក្នុងរថយន្ត ។ ចំណែករថយន្តដែលតាមទាន់តែអ្នកបើកបរចុះរត់បាត់ខាងលើ ត្រូវកម្លាំងចម្រុះប្រគល់ជូនជំនាញ រដ្ឋបាលព្រៃឈើផ្នែកបន្ទាយស្រីដើម្បីបន្តនីតិវិធីច្បាប់។
ព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រុមរថយន្តដឹកឈើទាំងនោះមានមេកោយជាអ្នករកស៊ីស្ដុកស្ដម្ភកាងនៅពីក្រោយខ្នងទើបធ្វើឲ្យសមត្ថកិច្ចមួយចំនួនពិបាកនឹងបង្ក្រាប។មហាជនកោតសរសើរជាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបដែលបង្ក្រាបក្រុមឈ្មួញដុះស្លែបានដោយកម្រ ព្រោះក្រុមដឹកជញ្ជូនឈើទាំងនេះមិនងាយនឹងសមត្ថកិច្ចណាអាចបង្ក្រាបបានឡើយ៕ ដោយ៖ ភក្តី