HOT

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនលោកឧកញ៉ា លី សាយឃាង ទៅតាមដីកាសម្រេចរបស់តុលាការក្រុងភ្នំពេញ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅនាល្ងាចថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នេះថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១​ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

   លោក សេង លាង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

  ការចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង នេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៣១៧៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងសំណុំរឿងស៊ើបសួរចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានកំណើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមដីកាបង្គាប់ឲ្យនាំខ្លួន លោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ ចៅក្រមសម្រេចឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ លី សាយឃាង ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។

  នៅក្នុងដីកាដដែលបានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឧកញ៉ា លី សាយឃាង ពីបទរំលោភលើទំនុកចិត្ត បំភាន់មន្ត្រីសូរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដី និងលួចលក់ ឬលួចបញ្ចាំអចលនវត្ថុអ្នកដទៃ ដែលមិនមែនជារបស់ខ្លួន។

  បច្ចុប្បន្នលោកឧកញ៉ា លី សាយឃាង រូបនេះត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី