HOT

មន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប ១ឆ្នាំ នៃយុទ្ធនាការ ១ដុល្លារសម្រាប់កុមារកម្ពុជា

សៀមរាប៖យោងតាមរបាយការណ៍មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញដែលបើកបម្រើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។​ ក្នុងនាមជាស្ថាប័នសុខាភិបាលមួយ យើងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការពិនិត្យ ព្យាបាលនិងថែទាំ ជាពិសេសស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩។ ជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាដល់អ្នកជំងឺឱ្យអស់ពីសមត្ថភាពរបស់យើង ហើយក្នុងនោះផងដែរគឺការព្រួយបារម្ភអំពីបញ្ហាមូលនិធិទាំងក្នុងនិងក្រៅប្រទេស។ លើសពីនេះទៅទៀត សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកទាំងអស់គ្នានៅក្នុងកំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩ ក៏កំពុងតែរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ផងដែរ ហេតុដូច្នេះហើយមន្ទីរពេទ្យកុមារអង្គរបានបង្កើតព្រឹត្តិការណ៍មួយគឺ “Exercise for Health Exercise to Help” ដោយសង្ឃឹមជឿជាក់ថាសាធារណៈជននឹងទទួលបានចំណេះដឹងលំហាត់ប្រាណពី​ភ្ញៀវកិត្តិយសប្រកបដោយជំនាញវិជ្ជាជីវៈ អំពីការធ្វើលំហាត់ប្រាណដ៏ត្រឹមត្រូវដើម្បីឲ្យសុខភាពរឹងមាំ មិនត្រឹមតែដើម្បីទប់ទល់ និងការពារ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តែក៏ការពារពីជំងឺផ្សេងៗទៀត ដែលកំពុងវាយលុកដល់សុខភាពរបស់យើង។

            ព្រឹត្តិការណ៍ Exercise for Health Exercise to Help ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះមានកម្មវិធីផ្សាយផ្ទាល់ Live ជារៀងរាល់សប្តាហ៍រយៈពេល១ម៉ោង ដែល​ជាវេទិកាជជែកពិភាក្សាអំពីការថែសុខភាពតាម​រយៈការធ្វើលំហាត់ប្រាណតាមរបៀប ឬវិធីផ្សេងៗពីគ្នា ដូចជា​ការជិះកង់ ការរត់ឬដើរ ការហាត់ថែរក្សារាង និងការហាត់បែប កាឌីយ៉ូដុតជាតិខ្លាញ់ក្នុងខ្លួន ដោយមានការចូលរួម ពីសំណាក់ភ្ញៀវ​កិតិ្តយសដូចជា លោក ស៊ាម សុខខេង ហៅ ប៊ីន ម្ចាស់ក្លឹបហាត់ប្រាណវត្តរាជបូណ៌ និងប្រធានក្រុមកង់នាគខៀវ លោក អ៊ួន បឋម ហៅ សាយ ម្ចាស់យុទ្ធនាការ ១ដុល្លារដើម្បីកុមារកម្ពុជា នៃព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយ លោក Johny Quach ស្ថាបនិក និងជាគ្រូបង្វឹកក្លឹប Johny Fitness Coaching (JFC)  និង លោក សុខ ឆៃលាង (ពេជ្រ) + អ្នកស្រី លីម ស៊ាចន្តាវត្តី ជាគូស្វាមីភរិយា គ្រូបង្វឹកមកពីក្លឹបហាត់ប្រាណ Angkor Fitness មកធ្វើការជជែកបកស្រាយចែករំលែកអំពីបទពិសោធន៍ផ្ទាល់ ក៏ដូចជាអត្ថប្រយោជន៍ និងគន្លឹះពិសេសៗនៅក្នុងការធ្វើលំហាត់ប្រាណដែលសមស្រប។

            ជាមួយនឹងកម្មវិធីខាងលើនេះ ក៏មានការធ្វើកម្មវិធីរំលឹកខួបមួយឆ្នាំ នៃយុទ្ធនាការ ១ដុល្លារដើម្បីកុមារ​កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ល្បីក្នុងឆ្នាំ ២០២០កន្លងទៅ​ គឺព្រឹត្តិការណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដែល​ទឹកប្រាក់ ១ដុល្លាររបស់ប្រជាជនខ្មែរដែលបានបរិច្ចាគក្នុងមួយនាក់ បានបង្ហាញពីទឹកចិត្តដ៏សប្បុរស និងការរួប រួម​សាមគ្គីគ្នាដើម្បី​ជួយដល់ជីវិតកុមារកម្ពុជាជាច្រើនអ្នកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងការចូលរួមរំលឹក ខួបនៃ​ការលេងហ្គេម ១ដុល្លារ​សម្រាប់កុមារកម្ពុជា ការបរិច្ចាគរបស់ប្រជាជនខ្មែរ​ម្នាក់តែមួយដុល្លារ ឬច្រើនជាង នេះ​ជាថ្មីទៀតនៅក្នុងថ្ងៃនេះ នឹងជួយដល់កុមារកម្ពុជាប្រមាណជាង ១ម៉ឺនករណីក្នុងឆ្នាំ២០២១ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ កំពុង ស្ថិត​នៅ​ក្រោមការ​យកចិត្ត​ទុកដាក់យ៉ាងខ្ពស់ និងមមាញឹកពីសំណាក់បុគ្គលិកពេទ្យ ២៤ ម៉ោង/២៤ ម៉ោង។ ផ្នែកសង្គ្រោះបន្ទាន់ និងព្យាបាលជំងឺធ្ងន់នៃមន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយមានបំពាក់ឧបករណ៍​ពេទ្យស្តង់ដារ មានអនាម័យស្អាតគ្មានមេរោគ បុគ្គលិកមានជំនាញខ្ពស់ និងវិជ្ជាជីវៈ ដើម្បីជាជំនួយដល់​ការថែទាំ និងជួយសង្គ្រោះជីវិតអ្នកជំងឺបាន​យ៉ាងរហ័ស និងល្អប្រសើរ ធ្វើឲ្យការចំណាយនៅក្នុងផ្នែក នេះមាន​ចំនួនច្រើនជាងគេគឺប្រមាណជា ៨០ម៉ឺនដុល្លារ ក្នុង​មួយឆ្នាំៗ ឬ ៣៣ដុល្លារ ក្នុងករណីសង្គ្រោះបន្ទាន់មួយករណី និង ២៣១ដុល្លារ ក្នុងការ ព្យាបាលថែទាំជំងឺ​ធ្ងន់ក្នុងមួយករណីក្នុងមួយថ្ងៃ ជាមធ្យមករណីព្យាបាលជំងឺធ្ងន់ត្រូវការរយៈពេល ៣ – ៥​ ថ្ងៃ និងជំងឺភាគច្រើនគឺ ជំងឺដង្ហើមធ្ងន់ធ្ងរ ជំងឺទារក(កើតមិនគ្រប់ខែ) រលាកខួរក្បាល ជំងឺបេះដូង ជំងឺកង្វះអារូបត្ថម្ភ ជំងឺខ្វះគ្រាប់ឈាម ជំងឺតំរង់នោមធ្ងន់ធ្ងរ និងជំងឺមហារីក ជាដើម។

តើលោកអ្នកចូលរូមលេងហ្គេមដោយរបៀបណា? សូមចូលរួមលេងហ្គេម #១ដុល្លារដើម្បីកុមារកម្ពុជា #1USDforCambodianChildren ដោយផ្សាភ្ជាប់ជាមួយយុទ្ធនាការ #ហាត់ប្រាណដើម្បីសុខភាព #ហាត់ប្រាណដើម្បីជួយជីវិតកុមារកម្ពុជា #ExerciseForHealth #ExerciseToHelp ដោយគ្រាន់តែ ធ្វើការបរិច្ចាគ ១ដុល្លារ ឬច្រើនជាងនេះទៅកាន់មន្ទីរពេទ្យកុមារអង្គរ Screenshot Transactions ព្រមទាំងភ្ជាប់ជាមួយរូបថត ឬវីដេអូរបស់សកម្មភាពកំពុងហាត់ប្រាណរបស់អ្នក បន្ទាប់មកណែនាំ (tag) ទៅកាន់មិត្តភក្កិ ១០ នាក់បន្តទៀត រួចបង្ហោះ (Post) នៅលើគណនីបណ្តាញសង្គម របស់លោកអ្នក។

សូមចូលរួមលេងហ្គេម ដោយបរិច្ចាគថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះ ជីវិតកុមារកម្ពុជា ឬតាមរយៈ App គណនីមន្ទីរពេទ្យកុមារអង្គរ នៃធនាគារខាងក្រោម៖ 

  • Wing: 9122 (ប្រាក់រៀល) & 8122 (ប្រាក់ដុល្លារ)
  • ABA: 000 853 843
  • ACELDA: 0100 0105 6968 28
  • Sathapana: 078 0808 2834 1001 02
  • និង Website៖​ https://exerciseforhealth.raisely.com/

ទំនាក់ទំនង៖

អ្នកស្រី ស៊ិនកេត អរុណ

ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ

Email: arun@angkorhospital.org / Tel: 012 232 388 ៕ដោយ៖ភក្តី