HOT

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងលោកឧកញ៉ា លី សាយឃាង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន!

ភ្នំពេញ៖ប្រភពផ្លូវការបានឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២០និង៣០នាទីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានសម្រេចធ្វើការដោះលែងលោកឧកញ៉ា លី សាយឃាងឲ្យនៅក្រៅឃុំបណ្តោះអាសន្នសិន តែតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

  លោកឧកញ៉ា លី សាយឃាង ត្រូវបានសមត្តកិច្ចនគរបាលនាំខ្លួនពីខេត្តសៀមរាបមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំ រឿងពីបទរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្ដិ៍ជាសាធារណៈ។

   យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២«ធ»ចដន ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញដោយលោក សេង លាង អនុប្រធាន នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកឧកញ៉ា លី សាយឃាង អាយុ ៥៨ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ ៥៣ ផ្លូវលេខ ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅសង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ ដែលបទល្មើសនេះមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

  ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការសាកសួរបំភ្លឺការពិត និងបង្គាប់មកកងកម្លាំងសាធារណៈឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។ តែទីបំផុតលោកឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលខ្លួនហើយ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនលោកឧកញ៉ា មកកាន់រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា នេះ។ សំណុំរឿងបានដល់ដៃចៅក្រមស៊ើបសួរ ដោយបានសាកសួរអស់រយៈពេលច្រើនម៉ោង ទើបសម្រេចដោះលែងលោកឧកញ៉ា លី សាយឃាង តែដាក់ឲ្យស្ថិតនៅក្នុងការស៊ើបអង្កេតរបស់តុលាការដដែល៕ដោយ៖សេរី