HOT

យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុករថយន្តធុនធំដែលឈប់នៅលើផ្លូវចំពីក្រោយពេញទំហឹង ខណៈមេឃកំពុងភ្លៀងខ្លាំង

សៀមរាប៖ យុវជនម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តយីឌុបដែលចតចោលចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធម្ម ខណៈមេឃកំពុងភ្លៀងខ្លាំង ហើយដែលហេតុការណ៍នេះបានកើតឡើងវេលានៅម៉ោង២០ និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៧,៧៨ ស្ថិតក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម1T.1782 បើកបរដោយឈ្មោះ ធា គង់គា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បើកបរក្នុងទិដៅពីត្បូងទៅជើងទៅបុករថយន្តដឹកទំនិញធន់ធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0052 បើកបរដោយឈ្មោះ សឿន គឹមសាន ភេទប្រុស អាយុ៣៥ ឆ្នាំ នៅភូមិសាម៉ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម រថយន្តឈប់នៅលើទ្រូងផ្លូវបែរក្បាលទៅជើង ។ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ ម្នាក់ឈ្មោះ ធា គង់គា (មិនពាក់មួកសុវត្ថិភាព) ខូចម៉ូតូ(ធ្ងន់) នឹង រថយន្ត(ស្រាល) ។

សមត្ថកិច្ចដែលចុះដល់ទីតាំងកើតហេតុខាងលើបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺដោយសារមេឃធ្លាក់ភ្លៀងខ្លាំង ហើយបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួចវត្ថុតាងទាំងសងខាងត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន អូសយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រែណូយ ដើម្បីមានវិធានការបន្ត ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ដោយ÷ភក្តី