HOT

ជនសង្ស័យម្នាក់​ ឆក់កាបូបពលរដ្ឋញយដងពេក ត្រូវនគរបាលក្រុងសៀមរាប ស្រាវជ្រាវចាប់ខ្លួន

សៀមរាប៖លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលតែងតែ ធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពលរដ្ឋនិងភ្ញៀវទេសចរណ៍ នៅក្នុងខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប សហការគ្នាស្រាវជ្រាវតាមចាប់ខ្លួនពាក់ព័ន្ធករណីឆក់កាបូបពលរដ្ឋដ៏សកម្មនៅក្រុងសៀមរាប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៣និង៥៣នាទី ស្ថិតនៅ ចំណុចតាមផ្លូវមុខ បន្ទប់ជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ៣៣ ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យម្នាក់ភេទប្រុស អាយុចន្លោះពី២០ ឆ្នាំទៅ៣០ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1y-6834 បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់និងស្មា ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។ ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង០១ គ្រឿង និងគ្រឿង សំអាងមានតំលៃមួយចំនួនទៀត។អធិការក្រុងសៀមរាបបានបន្តថា ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ភិនភាគម៉ូតូតាមរយ:កាមេរ៉ាសុវត្តិភាព។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនបាត់រហូតមក។បើតាមលោកបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នី បូរីន ភេទស្រី អាយុ២៤ ឆ្នាំមុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រងអេ អាយ អេ មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ភេទ ប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ។ពេលនោះ ជនរងគ្រោះបានឃើញស្លាកលេខ ម៉ូតូរបស់ជន សង្ស័យ ដែលមានលេខ1Y-6834។ ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹង ដោយដល់សមត្ថកិច្ចបានកំណត់មុខសញ្ញាចាស់ ក៏បាននាំគ្នាចុះធ្វើការស្វែងរកព្រមទាំងធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ ក៏ឃើញជនសង្ស័យ កំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ក៏ឃាត់ខ្លួនតែម្ដង និងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងដែលរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ គឺម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536។ ក្រោយពេលធ្វើការសាកសួរជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ២៦ ឆ្នាំនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។លោក អធិការក្រុងសៀមរាប បញ្ជាក់ទៀតថាប្រតិបត្តិការទទួលបានជោគជ័យនេះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការខេត្តសៀមរាប និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជុះវិញករណីនេះពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះកងកម្លាំងនគរបាលខេត្តសៀមរាប ដែលបង្ក្រាបបានមុខសញ្ញាចោរឆក់ដ៏សកម្មមួយនេះផងដែរ៕