HOT

សោកស្តាយណាស់….អគ្គិភ័យឆេះនៅរោងចក្រផលិតវ៉ាក់សាំងកូវីដ ធំជាងគេបំផុតលើពិភពលោក

អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៥នាក់បានស្លាប់ដោយសារអគ្គិភ័យ ក្នុងរោងចក្រផលិតវ៉ាក់សាំងធំជាងគេបំផុតរបស់ពិភពលោកក្នុងប្រទេសឥណ្ឌា ភាគខាងលិច។

អគ្គិភ័យនេះបានចាប់ផ្តើមចេញពីអគារមួយ ដែលកំពុងសាងសង់នៅឯរោងចក្ររបស់វិទ្យាស្ថាន Serum ក្នុងទីក្រុង Pune កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិយាយថា ការផលិតវ៉ាក់សាំងនឹងមិនរងផលប៉ះពាល់ទេ។ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយ។

ក្រោយមក អគ្គិភ័យត្រូវបានពន្លត់ប៉ុន្តែអភិបាលក្រុងបានបញ្ជាក់ថា មនុស្ស៥នាក់ត្រូវស្លាប់។

Covishield គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងពីរ ដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលឥណ្ឌាសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុននិងធំជាងគេបំផុតនៅលើពិភពលោក។

ប្រទេសនេះ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន៣០០លាននាក់ នៅត្រឹមដើមខែសីហា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចាប់តាំងពីមានជំងឺរាតត្បាតមក ឥណ្ឌាបានបញ្ជាក់ថា មានករណីជាង១០.៦លានករណី ហើយមានមនុស្សស្លាប់ជិត១៥៣,០០០នាក់៕