HOT

ថ្លើមធំហ៊ានក្លែងផលិតផលគ្រឿងសំអាងម៉ាកNNP លក់ចែកចាយពេញផ្សារលើធំថ្មីខេត្តសៀមរាប ត្រូវសមត្ថកិច្ចចុះបង្រ្កាបដល់ទីតាំងបោះដុំ

សៀមរាប:កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការសលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងម៉ាកNNP ដោយឈានដល់ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់។ ការចុះបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស នៃស្នងការដ្ឋានខេត្តសៀមរាបនិងមានការចូល រួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានក្រោមការសម្របសម្រួលពីសំណាក់ លោក ថេង សំណាង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងដែលមានឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផលក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀតក្នុងក្រុងសៀមរាប។ សមត្ថកិច្ចក្នុងហេតុការណ៍ បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើ អោយបញ្ឍប់សកម្ម ភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំ ណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។ ជាមួយនឹងការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង ខាងលើនេះ សមត្ថកិច្ចបាន ដកហូតផលិតផលក្លែងម៉ាករួមមាន÷ សេរ៉ូមបន្តក់លាបមុខចំនួន០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។ ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ជាមួយគ្នានោះមេធាវីរបស់ក្រុមហ៊ុនNNP បានឲ្យដឹងដែរថា ក្នុងនាមលោកតំណាងឲ្យកូនក្តី លោកស្នើឲ្យសមត្ថកិច្ចជំនាញនៃខេត្តសៀមរាបអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់និងចាត់ការទៅលើជនក្លែងបន្លំនេះតាមផ្លូវច្បាប់៕ដោយ:សៀមរាប ថែមស៍