HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨ ៦៩៩ ៤៣២នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៧០៤ ៣២៤នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១១ ៩១៤ ៧៨៨នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី៥ ខែសីហានេះ ដែលនេះបើយោងតាម Worldometer ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦២៩១នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់ គឺចំនួន២៥៤ ៣០៤នាក់ នៅទូទាំងពិភពលោក ។ ៣ប្រទេសនៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19គិតក្នុងរយៈពេល២៤​ម៉ោង​ចុងក្រោយ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៦២នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៩៤នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន៨៤៩នាក់ ៕

សៀមរាប៖សមត្ថកិច្ចចម្រុះបានបន្តសហការគ្នាចុះផ្អាក សកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី)ចំនួន០៤កន្លែងនៅក្នុងក្រុងសៀមរាប។ការនេះធ្វើឡើងនៅយប់ថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា នៅយប់មិញនេះ តំណាងរដ្ឋបាលក្រុងសៀមរាប និងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបន្តធ្វើការល្បាត និងចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី) ០៤កន្លែង ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឈ្មោះ ដូចខាងក្រោម៖១សែនសប្បាយ ហ្កាឡាក់ស៊ី (អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព)។២.សែនមនោរម្យ ក្លាស៊ិក៥ (គ្មានអាជ្ញាបណ្ណទេសចរណ៍)។៣.សែនមនោរម្យ ក្លាស៊ិក (គ្មានអាជ្ញាបណ្ណទេសចរណ៍។៤.ផ្លាទីនឹម សែនសប្បាយ (គ្មានអាជ្ញាបណ្ណ ទេសចរណ៍)។ទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានការប្រគំតន្ត្រី)ទាំង៤ខាងលើនេះ មានច្បាប់អនុញ្ញាតអាជីវកម្ម ០៣ កន្លែង អាជ្ញាប័ណ្ណហួសសុពលភាព ០១កន្លែង ព្រមទាំងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩នេះ។ក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។អាជ្ញាធរដែនដីសូម អំពាវនាវ ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន ស្កាយបារ បារបារំាង ក្នុងក្រុងសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន៕

សៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៤នេះថា ជនសង្ស័យចំនួន២នាក់ដែលជាអ្នកបើកគ្រឿងចក្រ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការ ករណីឈូសរានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅស្រុកអង្គរធំ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំងពីខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គរធំ នាំខ្លួនទៅតុលាការនាព្រឹក ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០ ក្នុងបទល្មើសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហុំពទ្ធ័កាន់កាប់ដីព្រៃឈើដោយខុសច្បាប់។ជនដែលត្រូវបញ្ជូនខ្លួនទៅតុលាការ ទី១ ឈ្មោះ រិន ដែន ជាតៃកុងត្រាទ័រ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទី ២ ឈ្មោះ គា គុល ជាតៃកុង អេ ស្ការវទ័រ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោកបន្តថា ក្នុងប្រតិបត្តិការនោះក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមានដូចជា ត្រាក់ទរ័ចំនួនមួយគ្រឿង ម៉ាកគូបូតា៦០៤០ ពណ៌ក្រហម និងអេស្ការ ចំនួនមួយគ្រឿងម៉ាកGAT120ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំ បានសហការជាមួយ កម្លាំកងរាជអាវុធហត្ថខេត្តសៀមរាប ចុះ បង្ក្រាបបទល្មើសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហុំពទ្ធ័កាន់កាប់ដីព្រៃឈើ នៅត្រង់ ចំណុចភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វើការរឹប អូសវត្ថុតាងរួមមាន ត្រាក់ទរ័ចំនួនមួយគ្រឿង និងអេស្ការ ចំនួនមួយគ្រឿង យករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈើអង្គរធំ៕

សៀមរាប៖ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ឯកឧត្តម មានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសបានជួយបង្កភាពងាយស្រួល និងឆាប់រហ័សក្នុងការកាត់បន្ថយពេលវេលា ដោយមិនចាំបាច់ដឹកជញ្ជូនវត្ថុសំណាកទៅឯវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញទៀតឡើយ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍បន្ថែមថា ជាមួយនឹងការដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រនៅក្នុងខេត្តសៀមរាបនេះដែរ អាចនិយាយបានថា ជាកម្រិតថ្នាក់តំបន់ដែលគ្របដណ្តប់និងបង្កលក្ខណៈងាយស្រួលដល់ខេត្តមួយចំនួននៅជាប់កៀកនឹងខេត្តសៀមរាប សម្រាប់យកវត្ថុសំណាកមកវិភាគដើម្បីធ្វើរោគវិនិច្ឆ័យ(តេស្ត)រកមេរោគកូវីដ១៩នៅទីនេះបាន ដូចជាខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលនៅពេលនេះ បានរៀបចំដំឡើងរួចរាល់ហើយ ហើយមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក៏បាននឹងកំពុងជួយណែនាំបន្ថែមដល់មន្ត្រីជំនាញនៃមន្ទីរពិសោធនេះឲ្យកាន់តែស្ទាត់ជំនាញ និងវាយតម្លៃទៅវិញទៅមកទៅលើលទ្ឋផលនៃវត្ថុវិភាគរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធវេជ្ជសាស្ត្រខេត្តសៀមរាប ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែនៅកម្ពុជា ជំងឺកូវីដ១៩មិនឆ្លងដល់សហគមន៍ក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះថា បើកាលណាឆ្លងនាំចូលច្រើន វាអាចនឹងបង្កលក្ខណៈចម្លងនៅក្នុងសហគមន៍ ដូច្នេះដើម្បីទប់ស្កាត់ បង្ការ និងចៀសវាងការចម្លងចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល គឺការពាក់ម៉ាស , លាងដៃដោយសាប៊ូ ជេលឬអាលកុល , រក្សាគំលាតបុគ្គល និង គំលាតសុវត្ថិភាពសង្គម ហើយប្រសិនបើសង្ស័យថាសុខភាពមិនស្រួល ត្រូវហៅទៅកាន់លេខ១១៥ ដោយមិនអស់លុយ ។


គួររំលឹក គិតត្រឹមម៉ោង០៧៖០០ ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤០នាក់ ក្នុងនោះស្ត្រីចំនួន៤៦នាក់ ហើយបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន១៩៧នាក់ ក្នុងនោះស្រ្តីចំនួន ៤៣នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤១នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់ ពិសេសនៅកម្ពុជា មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ទេ ៕

ភ្នំពេញ​៖រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា​ ​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​ បាន​ឲ្យអ្នកកាសែតដឹងថា​ ក្រសួង​មិនអាច​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ទាំង​ប្រថុយបានទេ​គឺ​ត្រូវ​គិតពី​សុវត្ថិភាព​សុខ​ភាពជា​ចម្បង​របស់​សិស្សានុសិស្ស​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់ នៃ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ ពី​គោលការណ៍​នៃ​ការ​បើក​សាលា​ឲ្យ​ដឹង​ថា ​«​យើង​មិន​អាច​ធ្វើ​ទាំង​ប្រថុយប្រថាន​នោះ​ទេ ​គឺ​យើង​ត្រូវ​គិត​លើ​សុវត្ថិភាព សុខភាព អនាម័យ​ជា​ចម្បង​ហើយ​ការ​បើក​សាលា​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង ៣​ដំណាក់កាល​។​ដំណាក់កាល​ទី​១​គឺ​ធ្វើ​ឡើង​ចំពោះ​សាលា​ឯកជន​ដែល​មាន​ស្តង់ដារ​ខ្ពស់ ប្រសិនបើ​ទទួល​បាន​លទ្ធផល​ល្អ នឹង​បន្ត​ទៅ​ដំណាក់កាល​ទី​២ និង​ទី​៣​ដោយ​យក​គំរូ​តាម​ដំណាក់កាល​ទី​១ និង​ស្របទៅតាម​ស្តង់ដារ​នៃ​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

ឯកឧត្តម ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ធ្លាប់​បាន​លើកឡើង​ថា ការ​ដែល​ក្រសួង​នៅ​មិនទាន់​អាច​បើក​សាលារៀន​ឡើងវិញ​បាន ​គឺ​ដោយសារ​ក្រសួង​មិន​ចង់​ឲ្យ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ ​ដូច​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«​ប្រសិនបើ​បើក​សាលារៀន​ទៅ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​អស់​រយៈពេល​២០​ឆ្នាំកន្លងមក​ទៅនេះ​នឹង​ដើរ​ថយក្រោយ​ពិបាក​នឹង​ស្តារ​ឡើង​ណាស់​»​។

យ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​ក្នុងអំឡុងពេល​បិទ​សាលា ក្រសួង​បាន​ខិតខំ​បន្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដូចជា​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ទៀត ដោយ​មិនបាន​ផ្អាក​ដំណើរការ​នៃ​ការសិក្សា​ឡើយ​។

លោក ហេង វ៉ាន់ដា ប្រធាន​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ដំណាក់កាល​ទី​១ សាលា​អន្តរជាតិ​ធំៗ ចំនួន​២០​ដែល​មាន​ស្តង់ដារ​ខ្ពស់​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ ខែសីហា ឆ្នាំ​២០២០​នេះ​ជា​សាលា​កម្រិត​ចំណេះដឹង​ទូទៅ​សម្រាប់​សិស្ស​ដែល​ជា​កូនចៅ​របស់​មន្ត្រី​ការ​ទូត​និង​អ្នកជំនួញ​ដែល​មាន​ការ​បង់ថ្លៃ​សិក្សា​ខ្ពស់​ចាប់ពី​៤​ពាន់​ទៅជា​ង​១​ម៉ឺន​ដុល្លារ​។

លោក​បាន​បន្តថា ​សាលា​ទាំង​២០​នោះ​ មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​១៧​ខេត្តសៀមរាប​ចំនួន​២​និង​ខេត្តបាត់ដំបង​ចំនួន​១​ដែល​សាលា​ទាំងនេះ​នឹងត្រូវ​ដាក់ពាក្យ​ស្នើសុំ​មក​ក្រសួង​ជា​មុន​សិន​ដើម្បី​ឲ្យ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​សាលា​តើ​មាន​លក្ខណៈ​ស្តង់ដារ​អនាម័យ​ខ្ពស់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដូចជា​ត្រូវ​ដាក់​សិស្ស​ក្នុង​១​ថ្នាក់​១៥​នាក់ ពាក់​ម៉ាស់​និង​ចង​របាំងមុខ ស្កេ​ន​កំដៅ​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​ជាប្រចាំ​នឹង​ត្រូវ​ធ្វើ​តេស្ត​រកកូ​វីដ​១៩​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​មុន​អនុញ្ញាត​បើក​សាលា​ជា​ផ្លូវការ​។

លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​រហូតមក​ដល់ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រង់ចាំ​លទ្ធផល​ពិភាក្សា​រវាង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ និង​មាតាបិតា​របស់​សិស្សានុសិស្ស មុន​ឈាន​ដល់​ការចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​ស្តី​ពី​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ រវាង​គ្រឹះស្ថានសិក្សា​ឯកជន​និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​បាន​បន្ត​ថា ​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ ​ទៅលើ​សាលា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ទាំង​២០​នេះ​ ត្រូវ​ផ្តល់​ការ​ឯកភាព​តាម​គោលការណ៍​ស្ម័គ្រចិត្ត​បញ្ជូន​កូន​ចូលរៀន​របស់​មាតាបិតា​សិស្ស​ជា​មុន​សិន ​ទើប​ក្រសួង​អនុញ្ញាត​ឲ្យ​សាលា​ទាំងនោះ​បើក​ជា​ផ្លូវការ​។

លោក​បាន​បន្ថែម​ថា ​នៅ​ដំណាក់កាល​ទី​១​នេះ​ក្រសួង​នឹង​ចាប់ផ្តើម​ឲ្យ​សាលា​ទាំងនោះ​បើក​ដំណើរការ​នៅក្នុង​កំឡុង​ខែសីហា​ឆ្នាំ​២០២០​ទៅតាម​កាលបរិច្ឆេទ​ចូលរៀន​ជាក់ស្តែង​របស់​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ​។

​គួរ​បញ្ជាក់​ថា ​ដើម្បី​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​សាកល្បង​បើក​ដំណើរការ ដំណាក់កាល​ទី​១ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ ដោយ​ឈរ​លើ​គោលការណ៍​តម្រូវ​ចំនួន​៦​រួមមាន​១. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព​) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍​សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដារ​។

២. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ មុន​ដំណើរការ​សាលា ៣. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ​មានការ​ធ្វេសប្រហែស ឬ​ល្មើស​នឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹង​ត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ​៤. គ្រឹះស្ថានសិក្សា​ទាំងនេះ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​៥. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ​ស្តី​ពី លក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វីដ​ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​គ្រឹះស្ថានសិក្សា​៦. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា​៕

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានជម្រាបជូន ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា៕

សូមអានខ្លឹមសារខាងក្រោម៖

សៀមរាប៖សមត្ថកិច្ចស្រុកអង្គរជុំ បានឲ្យដឹងថា កើតហេតុយ៉ាងអណោចអធ័ម។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី០២ខែសីហាឆ្នាំ២០២០នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តឆ្នៃមួយគ្រឿងបណ្តាលឲ្យ ស្លាប់ម្នាក់ ដែលជនរងគ្រោះមានឈ្មោះចិន ជឿងអាយុ៤២ឆ្នាំរស់នៅភូមិរលំ ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប។ បើតាមសមត្ថកិច្ចមូលហេតុបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ៕ដោយ ចក្ខុ

សៀមរាប៖ពិតជាមិនគួរកើតសោះ បុរសបែកថ្នាំម្នាក់បានកាត់ប្រដាប់ភេទនិងដៃខ្លួនឯងរួចកាប់កាំបិតប៉័ងតោបិទនៅក្នុងបន្ទប់ជួលបណ្តាលឲ្យហូរឈាមរហូតដល់ស្លាប់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីបុរសម្នាក់ធ្វើអត្តឃាត (កាត់ដៃ និងប្រដាប់ភេទ)ខ្លួនឯងបណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល។ បុរសដែលស្លាប់ខាងលើមានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាបនិងជាក្មេងកំព្រា។នៅក្នុងហេតុការណ៍ ក៏បណ្ដាលឲ្យនគរបាលប៉ុស្តិ៍ស្លក្រាមម្នាក់រងរបួស ពេលចុះមកអន្តរាគមន៍ដោយសារបុរសខាងលើបានបើកទ្វាររួចដាល់១ដៃចំភ្នែករួចក៏បិទទ្វារទៅវិញដោយក្នុងដៃមានកាន់កាំបិតប៉័ងតោផងដែរ។សមត្ថកិច្ចបញ្ជាក់ថា យោងតាមការពិនិត្យនិងសន្និដ្ឋានរបស់នគរបាលបច្ចេកទេសខេត្តនិងគ្រូពេទ្យជំនាញបានឲ្យដឹងថា សពស្លាប់ដោយសារការហូរឈាមច្រើន។ការពិនិត្យ សព ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។សព ត្រូវបានប្រគល់ជូនឈ្មោះជិន ធី ម្តាយធម៌ យកទៅធ្វើបុណ្យនៅវត្តពោធិ៍លង្កា៕

អាមេរិក៖ប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិភ្លាមៗនៅថ្ងៃសៅរ៍នេះដើម្បីហាមឃាត់បណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិកដោយបង្កើនសម្ពាធទៅលើម្ចាស់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់ចិនក្នុងការលក់វា ។ ការផ្លាស់ប្តូរនេះនឹងក្លាយជាការឈានដល់ចំណុចកំពូលនៃក្តីបារម្ភសន្តិសុខជាតិសហរដ្ឋអាមេរិកចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនដែលក្រុមហ៊ុន TikTok ដោះស្រាយ ។ វាតំណាងឲ្យការប៉ះទង្គិចដ៏ធំមួយសម្រាប់ម្ចាស់ក្រុមហ៊ុន ByteDance (TikTok) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងដែលបានក្លាយជាក្រុមហ៊ុនចិនតែមួយគត់នៅទូទាំងពិភពលោក ទទួលបានជោគជ័យពីពាណិជ្ជកម្មរបស់កម្មវិធីនេះ ។ ការប្រកាសរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីមានការចរចារយ៉ាងក្លៀវក្លាកាលពីថ្ងៃសុក្ររវាងសេតវិមាន ក្រុមហ៊ុន ByteDance និងអ្នកទិញសិទ្ធិ TikTok រួមទាំងក្រុមហ៊ុន Microsoft Corp ផងដែរ ។ Tiktok មានអ្នកប្រើប្រាស់ប្រចាំខែជាង ៨០ លាននាក់នៅសហរដ្ឋអាមេរិក ។ យោងតាមប្រភពដែលបានដឹងពីបញ្ហានេះបាននិយាយថា ពួកគេបានបរាជ័យក្នុងការបង្កើតនូវកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឲ្យក្រុមហ៊ុនចិនបញ្ឈប់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ។ កិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខទៀត ។ ប្រភពមួយបាននិយាយថា ខណៈដែលក្រុមហ៊ុន Microsoft ជាម្ចាស់បណ្តាញសង្គម LinkedIn រួចហើយនោះ វានឹងប្រឈមឧបសគ្គក្នុងការទទួលយក TikTok ច្រើនជាងដៃគូប្រកួតប្រជែងផ្ទាល់របស់ខ្លួនដូចជា FaceBook ជាដើម ។ ប្រភពមួយផ្សេងទៀតបាននិយាយថា ប៉ុន្តែការរំពឹងពីការវាយតម្លៃរបស់ក្រុមហ៊ុន ByteDance សម្រាប់ TikTok មានតម្លៃជាង ៥០ ពាន់លានដុល្លារ ហើយមានការទទូចរបស់ខ្លួនក្នុងការរក្សាភាគហ៊ុនភាគតិចនៅក្នុងកិច្ចពិភាក្សាកិច្ចព្រមព្រៀងដ៏ស្មុគស្មាញនេះ ។ លោក Trump បាននិយាយថា “វាមិនមែនជាកិច្ចព្រមព្រៀងដែលអ្នកបានឮដែលពួកគេនឹងទិញ និងលក់ជាមួយក្រុមហ៊ុន Microsoft និងក្រុមហ៊ុនផ្សេងទៀតនោះទេ ។ យើងមិនមែនជាប្រទេស M&A (ការរួមបញ្ចូលគ្នា និងការទិញយក) ទេ” ។ គេមិនទាន់ដឹងច្បាស់ទេថាតើអាជ្ញាធរលោក Trump ត្រូវហាមឃាត់ TikTok ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែរហូតដល់ទៅ ៨០ លាននាក់នៅសហរដ្ឋអាមេរិកឬក៏យ៉ាងណានោះទេ ។ វាក៏មិនច្បាស់ដែរថាតើបម្រាមនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច ហើយតើវានឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់យ៉ាងដូចម្តេចខ្លះផងដែរ ៕

ជប៉ុន៖ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១២០ លានដូស ។ នេះបើយោងតាមក្រុមឱសថអាល្លឺម៉ង់ BioNTech ដែលកំពុងផលិតថ្នាំជាមួយក្រុមហ៊ុនឱសថយក្សអាមេរិក Pharizer ។ ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញនោះទេដោយក្រុមហ៊ុន BioNTech បាននិយាយថា លក្ខខណ្ឌត្រូវបានផ្អែកលើពេលវេលានៃការចែកចាយ និងចំនួនដូស ។ ប៉ុន្តែកិច្ចព្រមព្រៀងដែលបានប្រកាសនាពេលថ្មីៗនេះរវាងមន្ទីរពិសោធន៍ និងសហរដ្ឋអាមេរិកបានដាក់តម្លៃវ៉ាក់សាំងដ៏មានសក្តានុពលនេះចំនួន ១០០ លានដូសជិត ២ ពាន់លានដុល្លារ ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Mainz បានបន្ថែមថា ការចែកចាយលើកដំបូងទៅកាន់ប្រទេសជប៉ុនត្រូវបានគ្រោងធ្វើនៅឆមាសទី ១ ឆ្នាំ ២០២១ ។ ទន្ទឹមនោះក្រុមឱសថ BioNTech និងក្រុមហ៊ុន Pfizer បានសម្រេចចិត្តជម្រុញការសាកល្បងរបស់ពួកគេលើបេក្ខជនតេស្តវ៉ាក់សាំងរបស់ពួកគេដែលត្រូវបានគេស្គាល់ថា BNT162b2 ។ កាលពីថ្ងៃចន្ទក្រុមហ៊ុនបានប្រកាសថាពួកគេបានចាប់ផ្តើមការសាកល្បងដ៏ធំមួយដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៣០,០០០ នាក់ ។ យោងតាមលទ្ធផលដែលទទួលបានជោគជ័យ ក្រុមហ៊ុន Pfizer និង BioNTech រំពឹងថានឹងផលិតបានរហូតដល់ ១០០ លានដូសនៅចុងឆ្នាំ ២០២០ នេះ និងមានសក្តានុពលជាង ១.៣ ពាន់លានដូសនៅចុងឆ្នាំ ២០២១ ។ គួរបញ្ជាក់ថា ប្រទេសជប៉ុនមានករណីឆ្លងកូវីដ ១៩ ប្រមាណ ៣២,៥០០ នាក់ ហើយមានអ្នកស្លាប់ជាង ១,០០០ នាក់ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញកាលពីខែមករា ៕