HOT
កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀលជនសង្ស័យចំនួន២ នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ករណីនាំពលករឆ្លងដែនខុសច្បាប់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម

ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។

ក្នុងឱកាសនោះ លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវ Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើបន្ទាប់របស់ឯកឧត្តរដ្ឋមន្ត្រី អ៉ិត សំហេង ស្នើបន្តការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរីនៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រីបានបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។

ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកជំទាវរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ។

នៅក្នុងជំនួបនេះដែរ ស្របពេលដែលកម្ពុជា កំពុងប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» លោកជំទាវអគ្គរដ្ឋទូតក៏បានចូលរួមសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងការប្រារព្វទិវានេះផងដែរ៕ដោយ៖វាយោ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបទីតាំងខារ៉ាអូខេជនជាតិខ្មែរនិងជនជាតិចិន ចំនួន០២កន្លែង ដែលជួបជុំច្រៀងផឹកស៊ីល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន៣២នាក់ ចំណែកប្រមាណជាង១០០នាក់ទៀតវាយគាស់ទម្លុះទម្លាយសោរទ្វារត់គេចខ្លួន ខណៈដែលសមត្ថកិច្ចខំប្រឹងព្យាយាមឃាត់ឃាំងក៏មិនអាចទប់ទល់បាន។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការឱ្យដឹងថា កាលពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានមកថា នៅចំណុចទីតាំងហាងខារ៉ាអូខេយីហោ ជីង ជុង ស្ថិតនៅលើបណ្តោយផ្លូវសហព័ណ្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានបើកលួចលាក់ផឹកស៊ីច្រៀងខារ៉ាអូខេ ពីសំណាក់ជនបរទេសចម្រុះគឺចិន វៀតណាម និងថៃ ចំណែកជនជាតិខ្មែរជាបុគ្គលិកមានគ្នាប្រមាណជាង១០០នាក់ នៅពេលនោះកម្លាំងសមត្ថកិច្ចក៏បានឆ្មក់ចូលត្រួតពិនិត្យ និងបង្រ្កាបជាក់ស្តែងឃើញមានការជួបជុំផឹកស៊ីតាមបន្ទប់មួយចំនួននៅជាន់លើ។ បន្ទាប់មកក៏បានប្រមូលពួកគេទាំងនោះមកជាន់ក្រោមឱ្យសម្រាកនៅក្នុងហាងខារ៉ាអូខេនោះមួយយប់សិន រងចាំព្រឹកឡើងហៅគ្រូពេទ្យមកពិនិត្យធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសមត្ថកិច្ចបានចាក់សោរទ្វារខាងមុខនិងខាងក្រោយ។លុះនៅវេលាម៉ោង៣ យប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពួកគេទាំងនោះក៏បានវាយសោរទម្លុះទម្លាយទ្វារក្រោយបណ្តាលឱ្យបាក់ ក៏នាំគ្នារត់ចេញយ៉ាងប្រសាចហើយគេចខ្លួនអស់ទោះបីសមត្ថកិច្ចប្រើប្រាស់ដំបងឆក់គំរាមយ៉ាងណាក៏ពួកគេមិនខ្លាចដែរ នាំគ្នារត់ចេញដោយសុវត្ថិភាព បន្សល់ទុកមធ្យោបាយមួយចំនួនប៉ុណ្ណោះ។

ដោយឡែក០១ករណីទៀត នៅយប់ថ្ងៃដដែល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានចុះល្បាត និងធ្វើការត្រួតពិនិត្យតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ នឹងមានការសង្ស័យក៏បានចុះត្រួតពិនិត្យភោជនីយដ្ឋាន ដែលមានយីហោ ផាត ធី ឃើញ បានលួចបើកខារ៉ាអូខេច្រៀងផឹកស៊ីល្មើសនឹងបំរាមហាមឃាត់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានបង្រ្កាបបិទអាជីវកម្ម ព្រមបានឃាត់មនុស្សចំនួន ៣២នាក់ ស្រី១៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត។ មនុស្សទាំង៣២នាក់នេះផងដែរ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ព្រែកព្នៅ ៕ដោយ៖ភក្តី

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨ នឹង៣០នាទីព្រឹក បានចាប់ឃាត់ខ្លួន គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមន៍ដោះអំពើចំនួន ០៣ នាក់ ពីបទឆបោកស្រ្តីរងគ្រោះ ០២ នាក់ អស់ប្រាក់សរុប៦៧,៦២៣,៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចយើងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ០២ នាក់ ទី១-ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទឆបោក និងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ នឹង៣០នាទីថ្ងៃ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៣ នាក់ មានឈ្មោះដូចជា៖ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅបឿក ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជំងឺ និងទី៣-ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបីមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២ ០៦៨ ៨០០រៀល (សែសិបពីលានប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ចំណែកឯជនរងគ្រោះទី២-ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥ ៥៥៥ ០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ ។ ចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិកក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។

លោកអធិការ បានបន្តទៀតថា ករណីនេះក្រោយពីសមត្ថកិច្ចយើងបានរាយការណ៍ជូនឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរស័ព្ទ ០៨៨ ៩៦៩៧១៦៨ លោកក៏បានឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ៖ មិត្តពុក

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទីចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ដែលពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ទៅសាលាដំបូងខេត្ត ដើម្បីមានវិធានការតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់រថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ ២W-២១១៧ បើកបរដោយឈ្មោះ ម៉ាន គន្ធា ហៅ សុធា ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានដឹកមនុស្សប្រុស ស្រី ចំនួន ១៥ នាក់ នៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានទី១ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីធ្វើការសួរនាំមនុស្សទាំង១៥នាក់ និងអ្នកបើកបររួចមក ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ម៉ាន គន្ធា ហៅ សុធា ភេទប្រុស អាយុ៤២​ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត អ្នកបើកបររថយន្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។

លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ដោយឡែកឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់ HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897 ត្រូវបានកម្លាំងសម្ថកិច្ចចម្រុះនៅចំណុចភូមិតេជោភ្នំឆ័ត្រ ដើរល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅខាងជើងភូមិតេជោភ្នំឆ័ត្រ ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចំនួន១០នាក់ ។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ឡាយ គឹមលួន បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនពាក់ព័ន្ធទាំង០២នាក់ ១-ឈ្មោះម៉ាន គន្ធាហៅសុធា បានសារភាពេបានដឹកពលករខ្មែរទាំង ១៥ នាក់ មកពីខេត្តព្រៃវេង និងខេត្តកំពង់ចាម បានតម្លៃម្នាក់ ៣០.០០០ រៀល យកមកសាងនៅខេត្តបន្ទាយមានជ័យ និងឈ្មោះសេង ហ៊ុយ បានសារភាពថាគេដឹកពលករទាំង១០នាក់ ពីខេត្តបន្ទាយមានជ័យ ទៅចំណុចខាងជើងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេកតម្លៃម្នាក់ ៥០.០០០ រៀល ៕ដោយ៖ភក្តី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ។

នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេស លើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម ។ ពាក់ព័ន្ធទៅនឹងបេសកកម្មការទូតរបស់ឯកឧត្តម សម្ដេចតេជោបានស្នើឲ្យឯកឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ សម្ដេចតេជោ បានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‍‍‍‍‍‍‍‍១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។ សម្ដេចតេជោ ក៏បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ ៕ ដោយ៖ វាយោ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិបែលហ្សិច ម្នាក់ដោយតុលាការខេត្តសៀមរាប បញ្ជារឲ្យឃុំខ្លួនបណ្តោះអាសន្នក្រោមការចោទប្រកាន់ ពីបទទិញពេស្យាចារកុមារីចំនួន៤នាក់។

  សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អ្នកាសែត ថា កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១ ម្តាយក្មេងរងគ្រោះ៣នាក់បានមកដាក់ពាក្យបណ្តឹង លើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ជាតិ។ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា( teacher)។ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ ២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ ៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ ៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ។សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះទាំង៤នាក់បានឲ្យដឹងថា  ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានទិញទូរស័ព្ទម៉ាកOPPOឲ្យម្នាក់១គ្រឿង។ បន្ទាប់មកជននេះបានឲ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបានឲ្យពួកខ្លួនលេងប្រដាប់ភេទគាត់ ហើយគាត់បានលេងប្រដាប់ភេទរបស់ពួកខ្លួនវិញ ព្រមទាំងច្របាច់ដោះ និងឱបថើប។ ជនបរទេសនេះបានធ្វើមកលើពួកខ្លួនជាច្រើនលើកក្នុងពេលហៅទៅជួបម្តងៗ។សមត្ថកិច្ចបន្ថែមថា ក្រោយពីការសម្ភាសន៍ រួចលោកបានរាយការណ៍ទៅព្រះរាជអាជ្ញា សុំដីកា បើកការស៊ើបអង្គេតបឋម។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ លោកបានកោះហៅជនបរទេសនោះមកសាកសួរ។ជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994។ ជននេះឆ្លើយថាគាត់ស្គាល់ក្មេងរងគ្រោះទាំង ៤នាក់នោះ ពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឲ្យ និងឲ្យលុយក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីឲ្យនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែគាត់ មិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។

   ក្រោយពីសាកសួរ ពិនិត្យចម្លើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាក់ សម្ភារ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិទ្ធ បញ្ជារឲ្យឃុំខ្លួនចោទប្រកាន់ ពីបទ ទិញពេស្យាចារកុមារ និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាបនារសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១៕ដោយ៖ភក្តី

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះក្នុងផេកផ្លូវការនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១នេះថា ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត ដែលចុះប្រចាំការនៅស្រុកសូទ្រនិគម សូមថ្លែងអំណរអរគុណ យ៉ាងធំធេង ចំពោះលោកម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ដែលតែងតែយកចិត្តទុកដាក់និងផ្តល់គ្រឿងឧបភោគបរិភោគដល់កងកម្លាំងទាំងអស់។ពិសេសជាងនេះទៀតនៅថ្ងៃទី១៣មិថុនា២០២១នេះ លោកធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង លោកមានឆន្ទៈនិងមនសិការខ្ពស់ បាននាំអំណោយរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ឆ្លងស្រុក មកជួយឧបត្ថម្ភ ដល់អភិបាលស្រុកសូទ្រនិគមនិងកងកម្លាំងយើងខ្ញុំមួយចំនួនថែមទៀត។ សម្ភារៈឧបត្ថម្ដដែលក្រុមការងារយើងខ្ញុំទទួលបាន៖១ ទឹកសុទ្ធ ១៣កេះ,២ មី ១កេសកន្លះ(កេះធំ),៣ ត្រីខ១កេះកន្លះ,៤ កូកា១កេះ,៥ ទឹកផ្លែឈើ១កេះ។អរគុណ ចំពោះសណ្តានចិត្តលោកធូ ចន្ថុល និងប្រជាពលរដ្ឋ ស្រុជីក្រែង ជាអនេកប្បការ និង សូមគោរពជូនពរលោកទាំងអស់ទទួលបាននូវសុខភាពល្អ កម្លាំងកាយមាំមួន និង ជោគជយ័លើការងារដូចបំណងប្រាថ្នាកុំបីឃ្លាំងឃ្លាតឡើយ។

សូមរម្លឹកថា បន្ទាប់ពីផ្ទុះការរាលដាលឆ្លងជំងឺកូវីដ.១៩ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង នាដើមខែមិថុនាឆ្នាំ២០២១ កន្លងទៅនេះអាជ្ញាធរខេត្តសៀមរាប បានសម្រេចបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញខេត្តចុះមកពង្រឹងការងារសន្តិសុខ​សណ្តាប់ធ្នាប់ផ្សេងៗនៅក្នុងស្រុកសូទ្រនិគម ឲ្យមានភាពល្អប្រសើរឡើងវិញ៕

អរគុណសន្តិភាព…!

សៀមរាប ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុស/ស្រីចំនួន០២នាក់ដែលជាបងប្អូនបង្កើតបានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំរួចក៏នាំគ្នាហែលទឹកស្រះទើបជីកថ្មីបណ្តាលឲ្យលង់ទឹកស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះស្ថិត ក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

  អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ ៖សពទី ១ ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស។-សពទី ២ ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ៨ឆ្នាំ ជាសិស្ស។លោកបន្តថា ក្មេងទាំង ០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ សន គន់ អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។លោកបន្ថែមថា តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ចន្លោះប្រហែលម៉ោង ១៣និង០០នាទីរសៀល ក្មេងរងគ្រោះចំនួន ០៣នាក់បងប្អូន ក្មេងរងគ្រោះទី១.ឈ្មោះ ឌន់ ចន្ថា ភេទស្រី(ជនរងគ្រោះ) ក្មេងរងគ្រោះទី២.ឈ្មោះ ឌន់ ចាន់ឌីន ភេទប្រុស(ជនរងគ្រោះ)ក្មេងរងគ្រោះទី៣.ឈ្មោះ ឌន់ ចាន់ដម ភេទប្រុស អាយុ៦ឆ្នាំ(ជាប្អូន) បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុ ហើយចុះលែងទឹកស្រះ ហើយបាត់ខ្លួន។ចំណែកក្មេងប្អូនឈ្មោះ ឌន់ ចាន់ដម បាន ស្រែកយំលឺដល់អ្នកភូមិជិតខាងឈ្មោះ សឿម ឌុល ភេទប្រុស អាយុ៤២ឆ្នាំ បានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេង នាំគ្នាចុះស្រង់ ប្រទះឃើញក្មេងទាំងពីរអោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។លោកបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ (ស្រះទំហំ ១០ម៉ែត្រ × ១០ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ) និងការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរ មានដីជាប់ក្នុងភ្នែក រន្ធច្រមុះ ជារួមលើខ្លួនប្រាណសពក្មេងទាំងពីរ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វាយោ

ភ្នំពេញ៖ឈាមស្រែកស្បែកហៅ…ដោយសារតែទំនាស់និងគ្នា បុរសម្នាក់ដែលជាប្តីរបស់ជនរងគ្រោះ បានកាប់សម្លាប់ប្រពន្ធញាត់ក្នុងវ៉ាលីដាក់ឡានពីភ្នំពេញយកទៅបោះចោលនៅខេត្តត្បូងឃ្មុំ បាន៣ថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមក្របួចជាប់ តែម្តង។

  ​សមត្ថកិច្ចបានឲ្យ​ដឹង នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​ថា កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រួស​ង​មហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង​១០ និង​៣០​នាទី។សមត្ថកិច្ចបន្តថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំមុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជាប់ចោទ ករណី​ឃាត​កម្មបង្កដោយ​សហព័ទ្ធ ទំនាស់​វាយ​ទាត់​កាប់ និង​កាំបិត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ ០១​នាក់ នៅ​ចំណុច​ក្នុងផ្ទះ​លេខ ៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង​០៦ និង​៣០​នាទី។សមត្ថកិច្ចបន្តថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ បានធ្វើ​សកម្មភាព​វាយ​កាប់សម្លាប់ ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ញាត់​ក្នុង​វ៉ាលី​យ​ក​បោះចោល​នៅ​ខេត្ត​ត្បូងឃ្មុំ ៣​ថ្ងៃក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ក្របួច​ជាប់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី។នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​រកឃើញ​វត្ថុតាងបន្សល់ទុករួមមាន៖ រថយន្ត ០១​គ្រឿង ម៉ាក​លុច​ស៊ី​ស RX 330 គ្មាន ស្លាក​លេខ, វ៉ាលិស ០១ , សំលៀកបំពាក់​មួយ​ចំនួន , និង​សម្ភារៈ​ផ្សេងៗ ០១​ចំនួន។ បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

   សូមរម្លឹកថា សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣ និង​៣០​នាទី អណ្ដែត​ទឹក​ច្រក​នៅក្នុង​វ៉ាលិស នៅ​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ចម្ងាយ​ពី​វិហារប្រមាណ២០០​ម៉ែត្រ។បន្ទាប់មកសមត្ថកិច្ចក៏បើកការស្រាវជ្រាវតែម្តង៕ដោយ៖វាយោ

សៀមរាប ៖ដោយមើលឃើញនូវការលំបាករបស់ពលរដ្ឋដែលរងការប៉ះពាល់ដោយសារកូវីដ.១៩កំពុងរាតត្បាត សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមទាំងអាជ្ញាធរ បាននាំយកអំណោយរបស់លោក  អ៊ុំ  ភឿងអនុប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបនិង អ្នកស្រីសួន មុលឡា  ម្ចាស់ប៊ូទិក  សម្បត្តិ  ពន្លឺជ័យ  មកចែកជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ  និង  ប្រជាការពារ ២០នាក់នៅភូមិស្ទឹងថ្មី  សង្កាត់  ស្វាយដង្គំ  ក្រុង/ខេត្តសៀមរាប។ 

  ការចែកអំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក  សឹង្ហ  សំរិទ្ធិ  អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប តំណាង  លោក  ហ៊ុន  ប៉ូគា  ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប  លោក  នួន  ពុទ្ធារ៉ា  អភិបាលនៃគណៈអភិបាលក្រុងសៀមរាប  លោក  ស្រេន  សុព្រី  តំណាងលោក  ទេព  ប៊ុនឆាយ  ប្រធានក្រុមព្រឹក្សាក្រុងសៀមរាប និងមានការចូលរួមពីសំណាក់លោក  ចៅសង្កាត់ស្វាយ ដង្គំ  លោកនាយប៉ុស្តិ៍  ស្វាយដង្គំ ព្រមទាំងសមាជិក សមាជិការបស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ផងដែរ។

    លោក  សឹង្ហ  សំរិទ្ធិ  អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះលោកបានដឹកនាំយកអំណោយរបស់លោក  អ៊ុំ  ភឿង អនុប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប និង  អ្នកស្រី  សួន  មុលឡា  ម្ចាស់ប៊ូទិក  សម្បត្តិ  ពន្លឺជ័យ  ជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ និងប្រជាការពារ២០នាក់  នៅភូមិស្ទឹងថ្មី  សង្កាត់  ស្វាយដង្គំ  ខេត្តសៀមរាប។លោកបន្តថា អំណោយទាំងនោះ រួមមាន៖២០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម,ទឹកសុទ្ធ១កេស,មីម៉ាម៉ា១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ,ប្រេងឆា ១ដប,ស្ករស ១គីឡូ,ប៊ីចេង១កញ្ចប់,អំបិល ១គីឡូ និងថវិកា២០០០០រៀល។ក្នុងនោះប្រជាការពារ២០នាក់ ក្នុងម្នាក់ៗទទួលបានទឹកសុទ្ធ១កេស,ម៉ាស១ប្រអប់,អាល់កុល១ដប,ថវិការ២០០០០រៀល។ចំណែកសាលាបឋមសិក្សាស្ទឹងថ្មីទទួលបានម៉ាស២០ប្រអប់,អាល់កុល២០ដប,ទឹកសុទ្ធ៥កេស។ក្នុងឳកាសនោះដែរលោក  សឹង្ហ  សំរិទ្ធិ ក៏បានមានមតិសំណេះសំណាល ជាមួយបងប្អូនពូម៉ីងទាំងអស់ ព្រមទាំងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ថ្នាក់កណ្តាលនិងសាខា ខេត្តសៀមរាប។ក្នុងនោះផងដែរលោក សឹង្ហ សំរឹទ្ធិ បានសំណូមពរឲ្យពលរដ្ឋនិងប្រជាការពារ ទាំងអស់សូមមេត្តារក្សាអនាម័យអោយបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ។ចំណែកលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា នៅក្នុងទូទាំងប្រទេស ក្រុងសៀមរាប មានសំណាងជាងគេ ដោយយើងទទួលបានកាដូដ៏ធំពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ហើយនៅដើមឆ្នាំ២០២២ខាងមុខនេះក្រុងសៀមរាប និងប្រែមុខមាត់ថ្មី។លោកបន្តថាទន្ទឹមគ្នានោះដែរ ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងពលរដ្ឋសូមថ្លែងអំណរគុណ និងដឹងគុណ ចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរជ្រោមជ្រែងដល់តំបន់ទេសចរណ៍សៀមរាបអង្គរ នេះផងដែរ។ជាចុងបញ្ចប់លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អាជ្ញាធរខេត្តជាពិសេសឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ក្នុងនោះដែរលោកក៏សូមជូនពរបងប្អូនពូម៉ីងទាំងអស់ឲ្យមានសុខភាពល្អ ចៀសផុតពីជម្ងឺកូវីដ.១៩ ហើយក្នុងនោះត្រូវចូលរួមអនុវត្តន៍៣កុំ និង៣ការពារ ទាំងអស់គ្នា៕ ដោយ៖សៀមរាបថែមស៍