HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុងនិងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៣ខ្នងទៀត ដោយសារតែស្ត្រីមានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយ។ ហេតុការណ៍អគ្គិភ័យបានកើតឡើងកាលពីវេលាម៉ោង១៥នឹង២៨នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តឲ្យដឹងថាអគ្គិភ័យឆាបឆេះផ្ទះឈើចាស់ចំនួន០១ខ្នងទំហំ៥×៥ម៉ែត្រ ប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង និងរាលដល់ផ្ទះចំនួន០៣ខ្នងទៀតផ្ទះទី១. ផ្ទះលក់គ្រឿងសំណងយីហោ មហាលាភរបស់ម្ចាស់ផ្ទះឈ្មោះ វ៉ាញ សុខលក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ខូចខាត ជញ្ជាំងខាងក្រោយ និងពិដាន ប្រមាណ៣០ភាគរយនៃតួផ្ទះ។ ផ្ទះទី២. ម្ចាស់ផ្ទះឈ្មោះ អ៊ា សោមធារ័ត្ន អាយុ៤០ឆ្នាំ ភេទប្រុស នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខូចខាតជញ្ជាំងខាងក្រោយ និងបណ្តាញទិយោទឹក ប្រមាណ១០ភាគរយ។ ផ្ទះទី៣. ឈ្មោះ តាន់ ផេង អាយុ៤៤ឆ្នាំ ភេទប្រុស រស់នៅប្រទេសកាណាដា ជួលអោយធនាគារ ខូចខាតជញ្ជាំងខាងកើតនៃតួរផ្ទះប្រមាណ៣០ភាគរយ។លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានឲ្យដឹងថាអគ្គិភ័យនេះបង្កឡើងដោយឈ្មោះ បូ សុធារី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះមួយខ្នង របស់ឈ្មោះ សេង ហួត អាយុ៦៣ឆ្នាំ មុខរបរលក់ម៉ូតូ គ្មានម្ចាស់រស់នៅ ហើយបានឆាបឆេះបន្តទៅផ្ទះចំនួន០៣ខ្នងផ្សេងទៀត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានអន្តរាគមន៍សង្រ្គោះ និងពន្លត់អគ្គិភ័យដោយប្រើប្រាស់ រថយន្តស្នងការដ្ឋានចំនួន ០២គ្រឿង អស់ទឹកចំនួន ៤០០០០លីត្រ, រថយន្តអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥០០០លីត្រ, រថយន្តអាជ្ញាធរអប្សរា០២គ្រឿង ប្រើទឹកអស់១៤០០០លីត្រ ទើបភ្លើងរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង១៦នឹង៤០នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ៕ដោយ៖វាយោ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បីស្នើឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូមកុំប្រមូលផ្តុំប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេសយើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ។សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងថា យើងគោរពឯករាជ្យភាពរបស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង៕ដោយ៖វាយោ

សៀមរាប៖បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ឯកឧត្តម ពិន ប្រាកដ បានឲ្យដឹងថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាមច្បាប់។លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវ ដល់ប្រជាពលរដេ្ឋទាំងអស់ សូមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ខណៈដែលខេត្ដសៀមរាប មួយរយៈចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់។យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕ដោយ៖វាយោ

សៀមរាប៖បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ.១៩ជាច្រើននាក់​នៅស្រុកសូទ្រនិគមនិងស្រុកជីក្រែង កម្លាំងនគរបាលចម្រុះនៃខេត្តសៀមរាប ចុះល្បាត និងរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋឲ្យចេះការពារកូវីដ.១៩នៅក្នុងភូមិសាស្ត្រនៃស្រុកខាងលើ។

  លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះថា សកម្មភាពកម្លាំងក្រុម១ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយបានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍, កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម។លោកបន្តថា កម្លាំងចម្រុះបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលបំពានបម្រាមរបស់រាជរដ្ឋាភិបាលគឺប្រមូលផ្តុំជួបជុំផឹកស៊ីចំនួន៣កន្លែង មានមនុស្ស ១៤នាក់ (ប្រុស ១១នាក់ /ស្រី ៣នាក់)។ក្នុងនោះក៏បានអប់រំម្ចាស់តូបចាបហួយឲ្យផ្អាកលក់គ្រឿងស្រវឹងចំនួន៣ទីតាំង។ចំណែកខាងស្រុកជីក្រែង ក៏មានការចុះល្បាត និងរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋឲ្យចេះការពារកូវីដ.១៩ផងដែរ។ពាក់ព័ន្ធនឹងករណីនេះដែរ​លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩នៅស្រុកសូទ្រនិគម និងស្រុកជីក្រែងចំនួន៧០នាក់ហើយ។ក្នុងនោះសមត្ថកិច្ចកំពុងមានវិធានការទប់ស្កាត់បន្ថែមទៀត។

   បន្ទាប់ពីកម្លាំងនគរបាល ពលរដ្ឋ និងគ្រូពេទ្យបានឆ្លងជំងឺកូវីដ.១៩ កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញចុះមកពង្រឹងការងារផ្សេងៗនៅក្នុងស្រុកសូទ្រនិគម ឲ្យមានភាពល្អប្រសើរឡើងវិញ៕ដោយ៖វាយោ

សៀមរាប៖នៅព្រឹកថ្ងៃទីន៨ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២នេះ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្គការនានា ដែលចូលមកខេត្តសៀមរាប មានភាពងាយស្រួលជាងមុន ជឿនលឿនជាងមុន បន្ថយការកកស្ទះ តាមច្រកកាត់បន្ថយហានិភ័យ ដោយគាត់គ្រាន់តែបង្កើតគណនីផ្ទាល់ខ្លួន ដែលប្រើជាមួយ facebook ឬ ក៍gmail scan QR code ហើយត្រូវបំពេញអាសយដ្ឋានបច្ចុប្បន្ន , ស្លាកលេខរថយន្ត , លេខអត្តសញ្ញាប័ណ្ណ និងលេខទូរស័ព្ទ ដោយខ្លួនឯងជាការស្រេច ។ឯកឧត្តមទៀ សីហា មានប្រសាសន៍ទៀតថា គុណសម្បត្តិរបស់ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app)ជំនាន់ទី២នេះ មានចំនួន៥ គឺ ៖១. អ្នកដំណើរអាចបញ្ជូលព័ត៌មានបានដោយខ្លួនឯង , ២. បង្កភាពងាយស្រួលក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ , ៣. ចំណេញពេលវេលា , ៤. កាត់បន្ថយហានិភ័យកំឡុងពេលចុះឈ្មោះ និង ៥. ការធ្វើទំនើបកម្មនៃបច្ចេកវិទ្យា ដាក់ឲ្យដំណើរការនៅតាម ច្រកព្រំប្រទល់ខេត្តទាំងបី រួមមាន ៖ ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តកំពង់ធំ នៅស្រុកជីក្រែង , ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នៅស្រុកក្រឡាញ់ និង ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ នៅស្រុកស្រីស្នំ ។ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ករណីផ្ទុះជំងឺកូវីដ-១៩នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គឺជាហេតុការណ៍ដែលមិននឹកស្មានដល់ ដែលកើតចេញពីការជួបជុំដែលមិនចាំបាច់ និងជាករណីបន្ថែមនូវការព្រួយបារម្ភ និងដាក់ចេញនូវផែនការឲ្យក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ពិសេសអ្វីដែលជាការព្រួយបារម្ភខ្លាំងនោះ គឺប្រការនៅមានអ្នកពាក់ព័ន្ធមួយចំនួនក្នុងតំបន់ផ្ទុះជំងឺនោះ មិនបង្ហាញខ្លួន យកសំណាកធ្វើតេស្ត ដើម្បីសុវត្តិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍នោះ ដូច្នេះក្នុងឱកាសនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លងរាលដាលជំងឺនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀត និង បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ “៣ការពារ” និង ”៣កុំ” និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់ សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន ៕ដោយ៖វាយោ

សៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទច័ន្ទរង្សី ដោយមានការនិមន្តចូលរួមរបស់ព្រះរាជាគណៈដែលជាព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំឆ្វេង មកពីអារាមមួយចំនួនក្នុងខេត្ត ដូចជា វត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ស្រុកជីក្រែង , វត្តប្រាសាទច័ន្ទរង្សី ហៅវត្តគោកចាន់ និង វត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង , វត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀត វត្តកេសរារាម វត្តអារញ្ញសាគរ វត្តមុនីសុវណ្ណហៅគង់ម៉ុច វត្តពោធិបន្ទាយជ័យ ក្នុងក្រុងសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖អង្ករ២០០គឺឡូក្រាម , មី២៥កេសតូច , ទឹកត្រី៥យួរ , ទឹកស៊ីអ៊ីវ៥យួរ , ត្រីខ១យួរ , ស្ករស៧គឺឡូក្រាម , ទឹកក្រូច២កេស , ទឹកបរិសុទ្ឋ២៥កេស , ចានបាយ៦០ចាន , ចានសម្ល៦០ចាន និងកាហ្វេ យកទៅប្រគល់ជូនដល់លោកអធិការ និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន៣៣នាក់ ដែលពួកគាត់កំពុងបានធ្វើចត្តាឡីស័ក នៅអធិការដ្ឋានក្រុង ។ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ មានថេរដីកាថា ៖សម្ភារនិងគ្រឿងឧបភោគបរិភោគបន្តិចបន្តួចនេះបានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្តនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលយកមកប្រគេននាពេលកន្លងមក ហើយហើយព្រះចៅអធិការវត្តទាំងនេះបានសន្សំសំចៃទុកសម្រាប់ធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន យកចែករំលែកនិងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និង អាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។ ព្រះសមុហ៍គណខេត្ត មានថេរដីកាបន្ថែមថា ជារឿយៗព្រះសង្ឃនៃខេត្តសៀមរាបតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដែលឆ្លុះបង្ហាញឲ្យឃើញថា វិស័យពុទ្ធិចក្រ និង វិស័យអាណាចក្រ ត្រូវបានផ្សាភ្ជាប់ និងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ មិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះឡើយ ដូច្នេះការជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក គឺបង្ហាញនូវការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវក្តីស្រឡាញ់រាប់អាន និង មេត្តាករុណា ផ្តល់កម្លាំងចិត្ត ដល់គ្នាទៅវិញទៅមក ក្នុងនាមយើងជាអ្នកគោរពជឿតាមព្រះពុទ្ឋសាសនា ត្រូវបន្តរក្សាសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈដែលជួបការលំបាកតាមដែលអាចធ្វើទៅបាន ។ គួររំលឹកថា ថ្មីៗនេះ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន៣៣នាក់នេះ ក្នុងនោះនារីចំនួន២នាក់ បានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោកអធិការស្រុកសូទ្រនិគម ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងពេលដែលគាត់មកទំនាក់ទំនងការងារនៅអធិការដ្ឋាននគរបាលក្រុង ហើយអ្នកទាំង៣៣នាក់នេះ កំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី៥ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នា និងរង់ចាំផ្តល់សំណាកវិភាគលើកទី២ នៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះទៀត ៕ដោយ៖វាយោ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។

សូមរម្លឹកថា វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕ដោយ៖វាយោ

អរគុណសន្តិភាព..!

សៀមរាប៖អាជ្ញាធរបានឱ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១​ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារនៅហាងពិភពធម្មជាតិ ចំនួនដែលការរកឃេីញនេះមានរយៈពេល៣ថ្ងៃ​ មាននៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបដែលមានកើនឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅក្នុងខេត្តសៀមរាប ។

លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩នៅតំបន់នេះ មានការកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឲ្យរដ្ឋបាលស្រុកយកទីតាំងវិទ្យាល័យដំដែក ស្ថិតនៅក្នុងទីរួមស្រុកសូទ្រនិគម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមកពីស្រុកចំនួន៣ជាប់ព្រំប្រទល់គ្នា គឺសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ។ គិតមកដល់ពេលនេះ​ អាជ្ញាធរស្រុកបានរៀបចំកន្លែងរួចរាល់ហើយដែលជំហានដំបូងនេះ ទីតាំងនេះអាចដាក់អ្នកជំងឺបានចំនួន ៦០នាក់។

លោកបានបន្តថា ដោយសារតែអ្នកពាក់ព័ន្ធមានច្រើន ដូចនេះក្រុមគ្រួពេទ្យ បានចុះទៅយកសំណាកពួកគាត់នៅតាមគោលដៅនីមួយៗ ដោយមិនឲ្យពួកគាត់ប្រមូលផ្តុំគ្នាច្រើននោះទេ។​ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរមិនទាន់សម្រេចបិទភូមិណាមួយនៅឡើយទេ ដោយសម្រេចបិទតែតាមតំបន់មួយចំនួនដែលមានការប៉ះពាល់ប៉ុណ្ណោះ ព្រោះនៅតំបន់ជនបទអ្នកភូមិរស់នៅឆ្ងាយៗពីគ្នា។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់ (ស្រុកសូទ្រនិគម៣១នាក់ និង ស្រុកជីក្រែង៣៥នាក់) ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅឡើយ។

រដ្ឋបាលខេត្តសៀមរាប សូមបន្តអំពាវនាវដលលប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលកំពុងមានក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ”៣កុំ ៣ការពារ” និងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ៕ដោយ៖វាយោ

សៀមរាប៖ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតចំនួន១៨០គ្រួសារ មកពី១២សង្កាត់ក្នុងក្រុងសៀមរាប ទទួលបាន អំណោយជាពីសម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន​ខេត្ត​សៀមរាប។

ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់​ សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន​ខេត្ត​សៀមរាប និងដោយមានការចូលរួមពីលោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាក្រុងសៀ​ម​រា​ប ព្រមទាំងសមាជិកសមាជិកាមួយចំនួនចូលរួមផងដែរ។អំណោយដែលនាំមកចែកជូន ដើម្បីជួយសម្រាល ទុក្ខលំបាកដល់គ្រួសារពលរដ្ឋ ក្នុងអំឡុងពេលជួបវិបត្ដិដោយសារជំងឺកូវីដ១៩រាតត្បាតជាសកលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០ គីឡូក្រាម ត្រីខ ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និង មី០១កេសផងដែរ។ឯកឧត្ដម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលតែងតែនឹករលឹក និងគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានមានប្រសាសន៍បន្តថា គ្រឿងឧបភោគបរិភោគ ដែលនាំមកចែកជូននេះ ទោះបីមានចំនួនតិចតួចពិតមែន តែនិងអាចជួយសម្រួលជីវភាពក្នុងគ្រួសារបានមួយរយៈ ហើយសកម្មភាពនេះ គឺជាវប្បធម៌ចែករំលែក និងការយកចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងអាហារនោះឡើយ ពោលគឺរាជរដ្ឋាភិបាល តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះបីមិនបានចុះនៅមូលដ្ឋានក្នុងអំឡុងពេលកូវីដ១៩នេះដោយផ្ទាល់ក្ដី ។ជាមួយគ្នានេះដែរ ឯកឧត្ដម ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ដនូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ជាពិសេសវិធានការរបស់ររបស់រាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ៕ដោយ៖ភក្តី

សៀមរាប៖បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នេះថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់។

  អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់នោះមាននាមដូចខាងក្រោម៖

១-  ឈ្មោះ ទេព ចាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។២-  ឈ្មោះ ដួង សុផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។៣-  ឈ្មោះ ជា ចាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៤-  ឈ្មោះ អ៊ូ ចាន់ធី ភេទប្រុស អាយុ៥២ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។៥-  ឈ្មោះ សូត្រ សំ ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។៦-  ឈ្មោះ ចន ចៅចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ  អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។៧-  ឈ្មោះ ពៅ ពន ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិបែកសំភ្លើង ឃុំចាន់ស ស្រុក-សូទ្រនិគ មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។៨-  ឈ្មោះ អ៊ីវ ង៉ា ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុក-សូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៩-  ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ២៧ឆ្នាំ  អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។១០-ឈ្មោះ ទុយ អ៊ឹង ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង  ស្រុកសូទ្រនិគម មុខរបរ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។១១-ឈ្មោះ គង់ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។១២-ឈ្មោះ ព្រុច គឹមសាន ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ ជាងជួសជុលម៉ូតូ។១៣-ឈ្មោះ ទូន សារ៉ែម ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អ្នកដឹកទឹកលក់។១៤-ឈ្មោះ ថន យាដា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។១៥-ឈ្មោះ ម៉ប់ សុធា ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៦-ឈ្មោះ ស៊ូ រ៉ាយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។១៧-ឈ្មោះ ប៉ោះ ខូ ភេទស្រី អាយុ៨២ឆ្នាំអាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។១៨-ឈ្មោះ ងួន សុភ័ក្រ្ភ ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកលក់សំបុត្ររថយន្តក្រុង មុខផ្សារដំដែក។១៩-ឈ្មោះ ពៅ ស៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ប្រជាការពារ។២០-ឈ្មោះ សែត វ៉ាន់រីកា ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ ម្ចាស់ហាងអ៊ុតសក់។២១-ឈ្មោះ ជីត ផារី ភេទស្រី អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរ នៅផ្ទះ។២២-ឈ្មោះ រួត បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីស្រុកជ្រៃធំ ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មុខរបរ អ្នកដឹកជញ្ជូន ម្ហូបអាហារនៅស្រុកជ្រៃធំ ខេត្តកណ្តាល។២៣-ឈ្មោះ ជុំ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្រាច ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ អ្នករត់តុនៅហាងពិភពធម្មជាតិ។ករណីទី១ ដល់ទី២០ គឺមានទំនាក់ទំនងគ្នាជាមួយឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុឃី និងឈ្មោះ ភន់ សុភា ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលករណីនេះ ជាករណីឆ្លងក្នុងសហគមន៍ ហើយក្រុមការងារពុំទាន់សន្និដ្ឋានកំណត់មុខសញ្ញាពីប្រភពចម្លងនៅឡើយ។ ចំពោះករណីទី២១ និង ទី២២ គឺជាករណីសង្ស័យ ហើយក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងករណីទី២៣ ក្រុមការងារកំពុងស្រាវជ្រាវរកប្រភព។

   មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់ ស្លាប់២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ដោយ៖វាយោ