HOT

កាន់តែប្រសើរណាស់…សម្ពោធបើកឲ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប

សៀមរាប៖យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបានបើកសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើទីតាំងផ្សារទំនើប ហេរីថេក វ៉ក សៀមរាប ជាន់ទី២ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ការបង្កើតឲ្យមានមណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅលើទឹកដីសៀមរាប អង្គរនេះ ក្នុងគោលបំណង បង្ខិតសេវាសាធារណៈឲ្យកាន់តែនៅជិតបងប្អូនប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសព័ត៌មានវិទ្យា ដែលធ្វើឲ្យការផ្តល់សេវាបានលឿនរហ័ស ចំណាយតិច ចំណេញពេលវេលា និង មានប្រសិទ្ធភាព តម្លាភាពទៀតផងដែរ ។ ម៉្យាងទៀតការផ្តល់សេវានេះ ដើមី្បបំពេញតម្រូវការប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និង ជួយសម្រាលភាពលំបាកបានច្រើនទៀតផង ។

មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។ ឯកឧត្តម អភិបាល នៃគណៈអភិបាល ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវា ដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយរដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើសេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែលឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ ។

មានប្រសាសន៍បើកមណ្ឌលផ្តល់សេវានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង ។ បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឲ្យដំណើរការនេះតទៅ ហើយបងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ។ ទាក់ទងនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព ជាអនេក ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយគិតថ្លៃបានចំនួន ៦ លាននាក់ ស្មើនឹង ៦០% នៃប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង៕ដោយ៖វាយោ